លោកជំទាវកិត្តិសង្គហបណ្ឌតិ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីភិសេក ព្រះឥន្ទកោសីយ៍ នៅប្រាសាទព្រះឥន្ទកោសីយ៍ ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នាសរសៀលថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ។
នៅក្នុងពិធីអភិសេកនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប មន្ត្រីរាជការជុំវិញខេត្ត ឯកឧត្តម លោកជំទាវ ឧកញ៉ា ប្រជាពលរដ្ឋ និងមានការនិមន្តព្រះសង្ឃសនមសិកា ព្រះរតនត្រយ័ ចំរើនព្រះបរិត និងបសម្តែងធម្មទេសនាដោយ សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុប្រធានអចិន្ត្រៃយ៍ថេរៈសភា នៃព្រះពុទ្ធសាសនា ។
សូមជម្រាបជូនផងដែរថា ៖ ព្រះរូប ព្រះឥន្ទកោសីយ៍នេះត្រូវបានជនទុច្ចរិតបានលួចបាត់ទៅអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ ព្រះរូបនេះត្រូវបានកសាងឡើងវិញ ក្រោមគំនិតផ្តួចផ្តើមរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដោយមានការសិក្សា សហការជាមួយអ្នកជំនាញ និងអាជ្ញាធរជាតិអប្សារា ក៏បានឯកភាពគ្នា កសាងព្រះរូបតាមលំនាំដើម និងបានយកមកតម្កល់ទុកក្នុងប្រាសាទដើម វិញ ដោយបានធ្វើពីធីអភិសេកតាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីទុកជាកេរ្តិ៍ដំណែល និងមរតកវប្បធម៌ដល់កូនខ្មែរជំនាន់ក្រោយ ។ និងម៉្យាងទៀតបានចូលរួមចំណែកក្នុងការលើកស្ទួយដល់វិស័យវប្បធម៌ វិស័យទេសចរណ៍ ដល់ខេត្តសៀមរាប ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត៕