ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ នាយករដ្ឋមន្រ្តី និងលោកជំទាវ ប៉ែន ចន្ទី បានដង្ហែអង្គកឋិនទានវេប្រគេនព្រះសង្ឃដែលគង់នៅវត្ត តុំ និង ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋនឹង ពុទ្ធបរិស័ទ្ធវត្តតុំ ស្ថិតនៅសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ។
របាយការណ៍ស្វាគមន៍របស់លោក កង អាណាន់ អភិបាលក្រុងដូនកែវ សូមគោរពថ្លែងអំណរគុណឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្ទី ជាពុទ្ធសាសនូបត្ថម្ភមួយដ៏ឆ្នើម និងយកចិត្តទុកដាក់បំផុតក្នុងការ លើកកម្ពស់វិស័យពុទ្ធសាសនា និងបានស្ថាបនាកសាងវត្តតុំយ៉ាងល្អត្រចះត្រចង់ ទៅជារមណីយពុទ្ធសាសនា។ ជាពិសេសឯកឧត្តម និងលោកជំទាវ ព្រមទាំងសហការីតែងតែឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃដើម្បី ចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្នុងក្រុងដូនកែវជាប់ជានិច្ច ព្រមទាំងចូលរួមចំណែក ថវិកាយ៉ាងច្រើនសន្ធឹក សន្ធាប់ ក្នុងការកសាងអភិវឌ្ឍន៍ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រជាច្រើនក្នុងក្រុងដូនកែវ។ ក្នុងឆ្នាំ ២០២២នេះ អំណោយដ៏ថ្លៃថ្លាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនតាមរយៈឯកឧត្ដម នាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្ទី បាន ឧបត្ថម្ភអំពូលភ្លើងសូឡាចំនួន ២៥៥ដើម និងបានតម្លើងរួចរាល់ក្នុងសង្កាត់រកាក្រៅ ចំណាយថវិកាអស់ ២០៤០០$ សរុបសមិទ្ធិផល ដែលឯកឧត្តម និងលោកជំទាវ បានចំណាយក្នុងរយៈពេលកន្លងមក រហូតដល់ពេលនេះគិតជាថវិកាស្មើនឹង ១.១២៣.២៥០ដុល្លា ក្រៅពីនោះ ឯកឧត្តម និងលោកជំទាវ បានជួយជាសម្ភារៈ ថវិកាជាច្រើនទៀត សម្រាប់ប្រជាពលរដ្ឋក្រុងដូនកែវផងដែរ។ លោក បានបញ្ជាក់ថា ថវិកា និងសម្ភារៈខាងលើនេះ មិនបានបូកបញ្ចូលការ ចំណាយលើការកសាងសមិទ្ធផលជាច្រើនទៀតាមស្រុកនានាក្នុងខេត្តតាកែវនោះទេ។
ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ក្នុងនាមជំនួសមុខឱ្យ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្ដីនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវបានមានប្រសាសន៍ថា ការជួបជុំគ្នាក្នុងថ្ងៃនេះ អាចធ្វើឡើងប្រកបដោយភាពជិតស្និទ្ធសប្បាយរីករាយ ព្រមជាមួយនឹងទំនុកចិត្តខ្ពស់លើសុវត្ថិភាពផ្នែកសុខភាព ដោយសារកម្ពុជាទទួលបានសុខសន្តិភាព និងទទួលបានជោគជ័យលើការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលនាំឱ្យមានការបើកប្រទេសទ្បើងវិញលើគ្រប់វិស័យ និងការរៀនរស់នៅជាមួយជំងឺកូវីដ-១៩ ដោយប្រុងប្រយ័ត្នតាមគន្លងប្រក្រតីភាពថ្មី។
ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដោយមាន សម្តេចតេជោ ជាអ្នកដឹកនាំផ្ទាល់ បានខិតខំគិតគូរបន្ថែមទៀត សំដៅធ្វើយ៉ាងណារក្សាឱ្យបាននូវនិរន្តរភាពយូរអង្វែង ឱកាសទាំងនេះសម្រាប់ទាំងពេលបច្ចុប្បន្ន និងអ្នកជំនាន់ក្រោយតរៀងទៅ តាមរយៈការរក្សាការពារឱ្យបានដាច់ខាតនូវកត្តាកំណត់ ៣ធំៗ គឺ៖ ទី១. ការពារសុខសនិ្តភាព ទី២. រក្សាឱ្យបាននូវស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងទី៣. ពង្រឹងបន្ថែមនូវការអភិវឌ្ឍទៅមុខឥតឈប់ឈរ។ កត្តាទំាងនេះ អាចមានលំនឹងទៅបាន គឺអាស្រ័យលើចក្ខុវិស័យ និងសមត្ថភាពដឹកនាំដ៏ប៉ិនប្រសប់ ព្រមជាមួយនឹងសកម្មភាពអនុវត្តជាក់ស្តែងរបស់ថ្នាក់ដឹកនាំរបស់ជាតិ ដោយមានការចូលរួមរបស់ប្រតិបត្តិករ ដែលមានឆន្ទៈ ការប្តេជ្ញាចិត្ត និងសមត្ថភាពពិតប្រាកដ ក្នុងបុព្វហេតុរួម គឺការកសាង ការពារ និងអភិវឌ្ឍប្រទេស ដោយនាំមកនូវអនាគតដ៏ត្រចះត្រចង់ជូនប្រជាពលរដ្ឋ៕