ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈចលនាមហាជននៃគណៈ កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានទទួលជួបជាមួយគណៈប្រតិភូ គណៈចល នាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដែលដឹកនាំដោយ ឯកឧត្តម ផាម តឹត ថាំង (PHAM TAT THANG) សមាជិកមជ្ឈិមបក្ស និងជាអនុប្រធានប្រចាំការ គណៈចលនាមហា ជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នាព្រឹកថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅវិមាន៧មករា រាជធានីភ្នំពេញ ដើម្បីពិភាក្សាការងារ និងពង្រឹងនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងបំណង បន្ដរឹតចំណង សាមគ្គីភាព មិត្ដភាពកាន់តែយូរអ្វែង។
ក្នុងឱកាសនេះ ឯកឧត្តម ផាម តឹត ថាំង (PHAM TAT THANG) ក៏បានថ្លែងនូវការ កោតសរសើរដល់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសឱ្យមានការរីក ចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ស្ថិតក្នុងកាលៈទេសៈដែល ពិភពលោកកំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំទាំង ក្នុងជួរបក្ស និងរដ្ឋាភិបាលទាំងពីរកាន់តែបង្កើន និងពង្រឹងទំនាក់ទំនងរវាងគ្នា តាមរយៈ ការជួបសន្ទនាគ្នាតាមទូរស័ព្ទ តាមប្រព័ន្ធវីដេអូ និងដោយផ្ទាល់ជាច្រើនលើក ដើម្បីសួរសុខ ទុក្ខគ្នា និងការគាំទ្រគ្នាទៅវិញទៅមកទាំងសម្ភារ និងស្មារតី ដើម្បីជាប្រយោជន៍រួម សម្រាប់ប្រទេស រដ្ឋាភិបាល និងប្រជាជនទាំងពីរ។
ភាគីទាំងពីរបានឯកភាពបន្តថែរក្សា និងពង្រឹងគ្រប់យន្តការទំនាក់ទំនងនៅគ្រប់ថ្នាក់ រវាងគណបក្ស និងប្រទេសទាំងពីរ ដើម្បីរួមគ្នាដោះស្រាយបញ្ហានានាឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ជំនួបនេះក៏បានឯកភាព លើការជំរុញស្ថាប័នគណបក្ស អង្គការមហាជន និងគណបក្សខេត្ត ក្រុង ជាពិសេសគឺគណបក្សខេត្តដែលមានព្រំដែនជាប់គ្នា ឱ្យបន្តសហការគ្នាល្អ ដើម្បីផលប្រយោជន៍នៃសន្តិភាព មិត្តភាព និងការអភិវឌ្ឍនៃ ប្រទេសទាំងពីរ ព្រមទាំងបានឯកភាពលើការបង្កើនកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នានៅ ក្នុងអង្គការអន្តរជាតិ និងវេទិកាពហុភាគីនានា ដើម្បីចូលរួមដោះស្រាយកិច្ចការតំបន់ និងពិភពលោក សំដៅធានាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ។
ជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តលើលទ្ធផលជាផ្លែផ្កា ដែលបានរួម ចំណែកយ៉ាងសំខាន់ដល់ការពូនជ្រំទំនាក់ ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពដ៏រឹងមាំ ភាពជា អ្នកជិតខាងល្អ និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ៕