ក្រសួងព័ត៌មាន នឹងបន្ដកិច្ចការងារទៅតាមជំនាញ ដើម្បីត្រៀមខ្លួននៅក្នុងកិច្ច ប្រជុំកំពូលអាស៊ាននៅខែ វិច្ឆិកាចុងឆ្នាំនេះ និងរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ខាងមុខ ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ។
នៅក្នុងឱកាសនៃកិច្ចប្រជុំរបស់ក្រសួងព័ត៌មាននៅថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានថ្លែងការសរសើរចំពោះថ្នាក់ ដឹកនាំ មន្រ្តីគ្រប់ផ្នែក នៃក្រសួងព័ត៌មាន ដែលបានប្រឹងប្រែងបំពេញកិច្ចការងារបានយ៉ាងល្អ នៅក្នុងដំណើរ ការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ពន្ធ័ ជាច្រើនថ្ងៃមកនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាការបង្ហាញពីភាពចាស់ទុំក្នុងកិច្ចការងារប្រកបដោយបទពិសោធន៍ និងសមត្ថភាព គ្រប់គ្រាន់ក្នុងការទទួលខុស ត្រូវ បំពេញកិច្ចការងារដោយរលូន និងជោគជ័យ ។
សម្រាប់កិច្ចប្រជុំប្រចាំសប្តាហ៍ថ្នាក់ដឹកនាំក្រសួង ព័ត៌មាន ក៏បានធ្វើការដក ស្រង់បទពិសោធន៍ការរៀបចំមណ្ឌលព័ត៌មាន ការថតផ្សព្វ ផ្សាយ ដំណើរការកិច្ចប្រជុំ រួមទាំងកិច្ចការងារសំខាន់ៗជាច្រើនទៀតដែលទាក់ទងវិស័យព័ត៌មាន និងផ្សព្វផ្សាយ ដើម្បីរកនូវចំណុចខ្លាំង និងចំណុចខ្វះខាតដែលទាមទារបំពេញបន្ថែម ដើម្បីអាចបំពេញការងារបានកាន់សុីជម្រៅ និងប្រសិទ្ធិភាព គុណភាពខ្ពស់ សម្រាប់ត្រៀមចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នាខែវិច្ឆិកា ឆ្នាំ ២០២២ខាងមុខ ព្រោះថានឹងមានថ្នាក់ដឹកកំពូលពិភព លោកអញ្ជើញមកចូលរួម ហើយអ្នកកាសែតជាតិ និងអន្តរជាតិ កាន់តែច្រើនជាងមុន ជាកិច្ចការដ៏មមាញឹក និងការចំណាយកាន់តែច្រើនជាង កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ។
នៅក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ ថ្នាក់ដឹកនាំតាមបណ្តាផ្នែកជំនាញនីមួយៗ ក៏បានលើកពីផែនការសកម្មភាពការងារដែលត្រូវបន្តធ្វើសម្រាប់សប្តាហ៍បន្តបន្ទាប់ទៀតឱ្យបានកាន់តែល្អប្រសើរ និងបានធ្វើការពិភាក្សាគ្នាលើផែនការសកម្មភាពការងារផ្សព្វផ្សាយដែលក្រសួងព័ត៌ មាន ជាអ្នកទទួលខុសត្រូវក្នុងកិច្ចការថត និងផ្សាយពីព្រឹត្តិការណ៍នៃការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ។
ឯកឧត្តម រដ្ឋមន្រ្តី បានជំរុញឱ្យប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិ បន្តផលិតកម្មវិធីថ្មីៗ និងផ្សាយនូវរាល់ព្រឹត្តការណ៍ថ្មីៗ ទាន់ហេតុការណ៍ ពិសេសព្រឹត្តិការណ៍របស់ជាតិ សំខាន់ខ្លីៗ ដើម្បីផ្សព្វផ្សាយជូនដល់សាធារណជន បានទទួលដឹងទាន់ពេលវេលា ។ ឯកឧត្តម បានជំរុញឱ្យគណ:កម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃក្រសួងព័ត៌មាន ត្រូវធ្វើកិច្ចសហការឱ្យបានជិត ស្និទ្ធជាមួយ គណ:កម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ CAMSOC ដើម្បីផ្សព្វផ្សាយឱ្យបានទូលំ ទូលាយ ពីដំណើរការនៃការប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕