ព្រះវិហារ ៖ ឯកឧត្ដម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ អមដំណើរដោយឯកឧត្តម លោកជំទាវជាអភិបាល រងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ព្រមទាំងឧបត្ថម្ភអំណោយជាថវិកាមួយចំនួនដើម្បីលើក ទឹកចិត្តដល់កងកម្លាំងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង និងកងកម្លាំងបញ្ជា ការដ្ឋានកងរាជអាវុធហត្ថខេត្ត នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែលកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សម្រេចបាននាពេលកន្លងមក ក្នុងការ ចូលរួមយ៉ាងសកម្មក្នុងការការពារនូវ សុខសន្តិភាព តាមបន្ទាត់ព្រំដែន ការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពស្របតាមតួនាទី និងភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបង្ការ និងទប់ស្កាត់បញ្ហាកើតមាន ឡើងក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ។
ជាមួយនេះ ត្រូវការពារដាច់ខាតនូវរដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាល ស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត និងត្រូវមានសាមគ្គី ភាពផ្ទៃក្នុង សំដៅរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ ស្ថិរភាព សន្តិភាព និងបន្តចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជ រដ្ឋាភិបាល ដើម្បីប្រទេសជាតិយើងមានភាពរីកចម្រើននិងការអភិវឌ្ឍបន្ថែមទៀត ។ ទន្ទឹមនេះ ត្រូវបន្តយកចិត្តទុកដាក់ អនុវត្តនូវភារកិច្ចស្នូលរបស់ខ្លួន ក្នុងការ ទប់ស្កាត់ និង បង្ក្រាបបទល្មើសព្រហ្ម ទណ្ឌ បទល្មើសធនធានធម្មជាតិ និងបទល្មើសផ្សេងៗទៀត ។ បន្ថែមពីនេះ ត្រូវត្រៀមកម្លាំង សម្ភារៈ ក្នុងការការពារ សង្គ្រោះ និងរកទីទួលមានសុវត្ថិភាពសម្រាប់សង្គ្រោះបងប្អូនប្រជាពលរដ្ឋក្នុងករណីរងគ្រោះដោយសារទឹកជំនន់ជាយថាហេតុ ។
ក្នុងឱកាសជួបសំណេះសំណាលនេះដែរ ឯកឧត្តមក៏បានឧបត្ថម្ភក្នុងមួយអង្គភាពៗ នូវថវិកា១០ លានរៀល និងកងកម្លាំង ២៥១នាក់ ក្នុងម្នាក់ៗ ថវិកា៤ម៉ឺនរៀល ៕