ការិយាល័យព័ត៌មាន (SSB-TV.NET) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ផ្ទះ១៦២ ក្នុងភូមិ តាក្តុល សង្កាត់ តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល-ទំនាក់ទំនង ផ្ដល់ព័ត៌មាន និង ផ្សព្វផ្សាយពាណិជ្ជកម្ម: Tell 066 61 61 89 / 096 33 64 276
គេហទំព័រ (SSB-TV.NET) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធ សូមខិតខំអប់រំ ផ្សព្វផ្សាយដល់អ្នកបង្កើតសំរាម


 

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតី នៅក្នុងពិធីប្រកាសជ័យលាភី និងប្រគល់ពានរង្វាន់ សម្រាប់ការប្រឡងប្រណាំងផ្ទៃក្នុង «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន ខេត្តកណ្តាល ឆ្នាំ២០២៥ រសៀលថ្ងៃទី២៨ ខែកមរា ឆ្នាំ២០២៦។ 


ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា៖ សំរាមដែលបង្កឡើងដោយមនុស្ស រួមមានសំរាមរឹង សំរាមស្ងួត សំរាមបង្កហានិភ័យ សំរាមមានវិទ្យុសកម្ម និងសំរាមផ្សេងៗទៀត ដូច្នេះមន្ត្រីគ្រប់លំដាប់ថ្នាក់ អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ភូមិ និងមន្ត្រីបរិស្ថាន ត្រូវខិតខំពន្យល់ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋរបស់យើងបានយល់ដឹង ពីផលប៉ះពាល់ផ្នែកសុខភាព ប៉ះពាល់អនាម័យបរិស្ថាន ហើយប្រសិនបើអ្នកបង្កើតសំរាមចេះទុកដាក់សំរាមបានត្រឹមត្រូវ វាមិនប៉ះពាល់ដល់ការរស់នៅ ធ្វើឲ្យបរិយាកាសល្អ សុខភាពល្អ និងធ្វើឲ្យយើងទាំងអស់គ្នាមានអាយុវែង។ 


ក្នុងពិធីនេះដែរឯកឧត្ដមអភិបាលខេត្ត បានអបអរសារទចំពោះឃុំ-សង្កាត់ ជាប់ជ័យលាភី«ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថានខេត្តកណ្តាល ឆ្នាំ២០២៥  និងបានកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ទីរ-អង្គភាព គណៈអភិបាលក្រុង-ស្រុក ឃុំ-សង្កាត់ មេភូមិ ព្រមទាំងក្រុមហ៊ុនប្រមូលសំរាម និងគ្រប់អង្គការសង្គមស៊ីវិល ដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្ត ក្នុងការអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»ជាពិសេស ក្នុងវិស័យបរិស្ថាន ដោយផ្អែកលើលក្ខណៈសម្បត្តិទី៦គឺ «មានអនាម័យ មានសោភណភាពល្អ និងបរិស្ថានល្អ» ។ 


ជាមួយគ្នានេះដែរ ឯកឧត្ដមអភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញើដល់ មន្ត្រីរាជការ នៃមន្ទីរបរិស្ថាន រដ្ឋបាលក្រុង-ស្រុក ព្រមទាំងមេឃុំ-ចៅសង្កាត់ មេភូមិ ត្រូវបន្តយកចិត្តទុកដាក់ បន្តគាំទ្រ ដល់ឃុំ-សង្កាត់ជ័យលាភីទាំងអស់ឱ្យបានល្អ ដើម្បីត្រៀមលក្ខណៈបានពេញលេញ ក្នុងការចូលរួមកម្មវិធីប្រឡងប្រណាំងថ្នាក់ជាតិ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»វិស័យបរិស្ថាន ឆ្នាំ២០២៦ ដែលរៀបចំដោយក្រសួងបរិស្ថាន នាពេលខាងមុខ។ បន្តធ្វើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” និងយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន”ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន (ភាពស្អាត បៃតង និងចីរភាព)។ បន្តដឹកនាំអនុវត្តយុទ្ធនាការ “សហគមន៍ស្អាត និងបៃតង” តាមរយៈការដាំដើមឈើ ដាំផ្កានៅតាមដងផ្លូវ ដើម្បីលើកកម្ពស់សោភណភាព និងបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ 


លោក ពៅ សោមម៉ាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាល បានឲ្យដឹងថា៖ លក្ខណៈសម្បត្តិសម្រាប់ការប្រឡងប្រណាំងរដ្ឋបាលឃុំ-សង្កាត់នីមួយៗ ផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន ៣ គឺ មានអនាម័យ មានសោភ័ណភាពល្អ និងបរិស្ថានល្អ ក្នុងនោះមានសូចនាករចំនួន១០ គឺ ទី១-គ្មានសំណល់រឹង (សំរាម) ទី២-គ្មាន សំណល់រាវ (ទឹកកខ្វក់) ទី៣-មានទឹកស្អាតប្រើប្រាស់ ទី៤-មានបង្គន់អនាម័យ ទី៥-មានរុក្ខជាតិ (ដើមឈើ) ទី៦-មានការតុបតែងលម្អ ទី៧-មានទេសភាពស្អាត ទី៨-ទទួលការអប់រំ និងផ្សព្វផ្សាយ ទី៩-ចូលរួមការពារ ធនធានធម្មជាតិ ទី១០-ចូលរួមអភិវឌ្ឍន៍សហគមន៍ និងមធ្យោបាយផ្ទៀងផ្ទាត់ចំនួន ៩១ ចំណុច។ 


សូមបញ្ជាក់ផងដែរថា៖ ភូមិ-ឃុំ-សង្កាត់ ដែលឈ្នះការប្រកួតប្រជែងក្នុងកម្មវិធីប្រឡងប្រណាំងថ្នាក់ខេត្ត ស្តីពី “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ក្នុងវិស័យបរិស្ថានខេត្តកណ្តាល៖

ភូមិជ័យលាភីគឺ៖

ជ័យលាភីលេខ១ គឺ ភូមិសង្វរ នៃស្រុកពញាឮ

ជ័យលាភីលេខ២ គឺ ភូមិដំណាក់អំពិល នៃស្រុកអង្គស្នួល

ជ័យលាភីលេខ៣ គឺ ភូមិព្រែកក្របៅទី៣ នៃក្រុងអរិយក្សត្រ

ជ័យលាភីលេខ៤ គឺ ភូមិកោះរកា នៃស្រុកមុខកំពូល

ជ័យលាភីលេខ៥ គឺ ភូមិសិត្បូ នៃក្រុងតាខ្មៅ

ឃុំ-សង្កាត់ជ័យលាភី គឺ

ជ័យលាភីលេខ១ គឺ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ

ជ័យលាភីលេខ២ គឺ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ

ជ័យលាភីលេខ៣ គឺ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល

ជ័យលាភីលេខ៤ គឺ សង្កាត់សំពៅពូន ក្រុងសំពៅពូន

ជ័យលាភីលេខ៥ គឺ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ។










Previous Post Next Post