ស្រុកពញាឮ៖ថ្ងៃចន្ទ ១៥ រោច ខែបឋមាសាឍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រគេនទៀនព្រះវស្សា ស្លាដក ទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៤៦វត្ត និងអាស្រម ពុទ្ធមណ្ឌល២ ក្នុងស្រុកពញាឮ ខេត្តកណ្តាល ដែលបានប្រារព្ធធ្វើឡើងនៅក្នុងវត្តសុវណ្ណវារី(ហៅវត្តព្រែកតាទែន) ។ ឯកឧត្តមអភិបាលខេត្ត បានរំលឹកពីការដុតទៀនឬប្រទីបសម្រាប់ ថ្ងៃចូលព្រះវស្សា ដើម្បីជាប្រយោជន៍ដល់ព្រះភិក្ខុសង្ឃ ដែលចាំបាច់ត្រូវស្វាធ្យាយធម៌ និងធ្វើឧបោសថកម្មនៅវេលាយប់ក្នុងពេលចូលព្រះវស្សា។ ពន្លឺភ្លើងដែលដុតក្នុងពេលចូលព្រះវស្សានេះក៏ស្ថិតក្នុង ការពិចារណាដល់ពន្លឺភ្លើងដែលភ្លឹបភ្លែតៗទៅដល់ រូបខណ្ឌមនុស្សដែលកើតស្លាប់នោះដែរ ។
ក្នុងពិធីដ៏ថ្លៃថ្លានោះក៏មានការនិមន្តនិងអញ្ជើញជាព្រះអធិបតីសម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះវិមលវេទី ព្រះមេគណខេត្តកណ្តាល រួមទាំងព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម និងឯកឧត្តម លោកជំទាវអភិបាលរង ឧត្តមសេនីយ៍ លោកអភិបាលក្រុង/ស្រុកទាំង១៣ លោក លោកស្រី មន្រ្តីរាជការទូទាំងខេត្តកណ្តាល។