នៅពេលខាងមុខនេះ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល នឹងរៀបចំពិធីសង្ក្រាន្ដឆ្នាំថ្មីក្រោមប្រធានបទ ''រួមគ្នាអភិវធឌ្ឍន៍ក្រោមម្លម់សន្តិភាព'' ដើម្បីអបអរសាទរពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ នាថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២។ ថ្លែងនៅក្នុងកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីសង្រ្កាន្ដខេត្តកណ្ដាលឆ្នាំ២០២២ កាលពីព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឱ្យដឹងថាសង្ក្រាន្ដឆ្នាំនេះនឹងមានការរៀបចំកម្មវិធីកម្សាន្ដពិសេសៗជាច្រើន ដើម្បីធ្វើឱ្យកម្មវិធីកាន់តែសប្បាយរីករាយ។ ឯកឧត្ដម បានណែនាំឱ្យមន្ត្រីទាំងអស់ដែលមានឈ្មោះក្នុងអនុគណៈកម្មការដែលមានចែងក្នុងសេចក្ដីសម្រេចស្ដីពីការរៀបចំកម្មពិធី បុណ្យសង្រ្កាន្ត អបអរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ២០២២ ត្រូវធ្វើយ៉ាងណាឱ្យការរៀបចំកម្មវិធីសង្ក្រាន្តខេត្តកណ្ដាល ប្រព្រឹត្តទៅបានជោគជ័យ គ្រប់គណៈកម្មការ និងអនុគណៈកម្មការទាំងអស់ ត្រូវរៀបចំកម្មវិធីនីមួយៗឱ្យបាននច្បាស់លាស់ សំដៅធ្វើយ៉ាងណាទាក់ទាញ់ចំណាប់អារម្មណ៏ពីមហាជនមកចូលរួចក្នុងកម្មវិធីសង្ក្រាន្តខេត្តកណ្តាលបានច្រើនកុះករ។
.
ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងពិធីសង្ក្រាន្ត អភិបាលខេត្តបានស្នើដល់កម្លាំងមានសមត្ថកិច្ចត្រូវត្រៀមកម្លាំង ឱ្យបានគ្រប់គ្រាន់ ដាក់តាមចំណុចគោលដៅសំខាន់ៗ ត្រូវត្រៀមខ្លួនជានិច្ចក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសនានាជាយថាហេតុ។ ដោយឡែកសម្រាប់ការធ្វើអនាម័យសំអាតបរិស្ថាន ឯកឧត្តមបានស្នើដល់អាជ្ញាធរពាក់ព័ន្ធត្រូវសហការណ៍គ្នាចាត់ចែង ឱ្យបានល្អ ដោយត្រូវមានផែនការប្រមូលសំរាមច្បាស់លាស់តាមគោដៅ។ ចំពោះការងារស្តង់ពិពណ៍ទំនេញផ្សេងៗឯកឧត្តមអភិបាលខេត្តបានស្នើឱ្យត្រួតពិនិត្យចំនួនស្តង់តាមផែនការ ត្រូវរៀបចំដាក់ស្តង់ពិពណ៍ទំនិញតាមគោលដៅដែលបានកំណត់ ត្រូវមានសណ្ដាប់ធ្នាប់រៀបរយល្អ ។នៅក្នុងកម្មវិធីសង្ក្រាន្តនេះ រដ្ឋបាលខេត្ត បានរៀបចំនូវកម្មវិធីជាច្រើន រួមមាន កម្មវិធីតាមបែបសាសនា ពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ ពិធីចម្រើនព្រះបរិត្ត សូត្រមន្តលើករាសី របាំបួងសួងនិងរបាំត្រុដ ពិធីទទួលទេវតាឆ្នាំថ្មី ពិធីពូនភ្នំខ្សាច់ ស្រង់ព្រះ ពិធីកម្សាន្តសប្បាយរួមមាន កម្មវិធីលេងល្បែងប្រជាប្រិយខ្មែរ ចោលឈូង បោះអង្គុយ លាក់កន្សែង ទាញព្រ័ត ស្តេចចង់ ជាដើម ។ កម្មវិធីកីឡា មានការប្រកួតកីទ្បាជាច្រើនប្រភេទ រីឯក្នុងពេលរាត្រី មានកម្មវិធីសម្តែងសិល្បៈ រាំស្គរដី ការប្រគុំតន្ត្រីសម័យដោយមានការចូលរួមពីតារាល្បី អមជាមួយនិង ការបណ្តែតប្រទីបលើផ្ទៃទឹក បង្ហោះគោមលើអាកាស បាញ់កាំជ្រួច សួនថតរូបអនុស្សាវរីយ៍មានជាច្រើនទំរង់ ព្រមទាំងមានស្តង់លក់ផលិតក្នុងស្រុកជាច្រើនផងដែរ ។
.
សូមបញ្ជាក់ថា ការរៀបចំពិធីសង្ក្រាន្តក្នុងខេត្តកណ្ដាលគឺធ្វើឡើងដើម្បីសំដែងនូវអំណរសាទរស្វាគមន៍ចំពោះការចូលមកដល់ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងចូលរួមលើកស្ទួយថែរក្សា នូវកេរ្តិ៍ដំណែល វប្បធម៌ទំនៀមទម្លាប់បុព្វបុរសខ្មែរ ពិសេសនោះគឺដើម្បីបំផុសគំនិត រួបរួមកម្លាំងសាមគ្គីភាពរវាងប្រជាជន និង មន្ត្រីរាជការខេត្តកណ្ដាល ចូលរួមសប្បាយរីករាយជាមួយគ្នាក្នុងឆ្នាំថ្មី រដ្ឋបាលខេត្តកណ្តាលសូមគោរពអញ្ជើញ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិទាំងអស់ ចូលរួមទស្សនា កម្សាន្តសប្បាយអោយបានច្រើនកុះករ ។