អភិបាលខេត្តកណ្តាល យកចិត្តទុកដាក់ខ្ពស់ ចំពោះកុមារកំព្រា ដោយបាន ជួយគាំពារ ទំនុកបំរុង ឲ្យមានលំនឹង ក្នុងការសិក្សា និងការរស់នៅ កាន់តែប្រសើរឡើង
------
(កណ្តាលស្ទឹង)៖ សមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹមកុមារ ដែលមានទីតាំង ស្ថិតនៅ ភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង មានកុមារកំព្រា សរុប ចំនួន១១៤នាក់ ដែលត្រូវ ឱពុកម្តាយ បោះបង់ចោល ឬជាកុមារក្រីក្រ ត្រូវបាន ឯកឧត្តម គង់សោភណ្ឌ័ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល យកចិត្តទុកដាក់ខ្ពស់ ជួយគាំពារ ទំនុកបម្រុង បានឧបត្ថម្ភ ជាថវិកា គ្រឿងឧបភោគ បរិភោគនិងសម្ភារៈប្រើប្រាស់ ជាច្រើនទៀត ដល់សមាគម មួយនេះ គឺក្នុង១ឆ្នាំ ២ដង នេះជាលើកទី២ ហើយ ដែល ឯកឧត្តម ជួយឧបត្ថម្ភ ក្នុងឆ្នាំ២០២៣ នេះ។
ខណៈជួបសំណេះ សំណាល និងចែកអំណោយ ដែលធ្វើឡើង នៅថ្ងៃទី៣១តុលានេះ ឯកឧត្តម អភិបាល ខេត្ត បានកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ បុគ្គលិក លោកគ្រូអ្នកគ្រូ របស់សមាគមនេះ ដែលបានជួយបីបាច់ថែរក្សា កុមារកំព្រា បានធ្វើឲ្យ ការរស់នៅ របស់ក្មួយៗ បានសិក្សារៀនសូត្រ មានចំណេះដឹង ជាពិសេស ធ្វើឲ្យ កុមារទាំងនោះ មានស្នាមញញឹម និងក្តីសង្ឃឹម ក្នុងការ រស់នៅ ជាមួយសង្គម ដូចកុមារដទៃទៀតដែរ។
គួរបញ្ចាក់ថា៖ អំណោយ ដែល សាខាកាកបាទ ក្រហមកម្ពុជា ខេត្ត បានឧបត្ថម្ភ ដល់សមាគម នាពេលនេះ រួមមាន៖ អង្ករ ១០០០ គីឡូក្រាម, មី២០កេស, ត្រីខកំប៉ុង ១កេស, ទឹកត្រី ២០យួរ, ទឹកសុទ្ធ ២០កេស, ទឹកផ្លែឈឺ ៥កេស,ទឹកដោះគោខាប់១កេស និងថវិកា ចំនួន ៤.០០០.០០០ រៀល៕
សំរួលអត្ថបទ៖ មុំគឹមអាន
រូបភាព៖ក្រុមព័ត៌មានខេត្ត