ខេត្តកណ្ដាល ៖ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធី «ចុះកិច្ចសន្យាព្រមព្រៀង សម្រាប់កិច្ចសហប្រតិបត្តិការលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អភិវឌ្ឍស្រុកកោះធំ និងក្រុងសំពៅពូន នៃខេត្តកណ្ដាល» ពិធីចុះកិច្ចសន្យាព្រមព្រៀងនាពេលះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម ខ្លូត រតនា អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេធី ឆាយណា អេស៊ា ហ្គ្រីន ស៊ីធី អ៊ិនវេសម៉ិន ឯ.ក. និងប្រធាន ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ផេស៊ីហ្វិក អ៊ិនធើណេ សិនណល ខនស្រ្តាក់សិន (ខេមបូឌា) ឯ.ក.។
"ពិធីចុះកិច្ចសន្យាព្រមព្រៀង សម្រាប់កិច្ចសហប្រតិបត្តិការលើគម្រោងសាង សង់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អភិវឌ្ឍស្រុកកោះធំ និងក្រុងសំពៅពូន ខេត្តកណ្តាល នាពេលនេះ គឺស្ថិតនៅក្នុងរបៀបវារៈនៃការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាន នូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលជារបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច នៃរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព”។
ពិធីចុះកិច្ចសន្យាព្រមព្រៀង នេះដែរបានប្រព្រឹត្តទៅក្រោមម្លប់នៃសុខសន្តិភាព ដែលយើងទទួលបាន យ៉ាងពេញបរិបូរណ៍ ក្រោមការដឹកនាំរបស់ស្ថាបនិកអគ្គមគ្គុទេសឯក ប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន !