ភ្នំពេញ៖ កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២ បានអនុម័ត និងចុះហត្ថលេខារួមគ្នាលើសេចក្ដីប្រកាស ដែលមានខ្លឹមសារចំនួន ៦ចំណុច ដែលបានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់អំពី សារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការនៃបណ្តារាជធានី-រដ្ឋធានីទាំង១០ នៃប្រទេសជាសមាជិកអាស៊ាន។ ក្រៅពីនេះក៏បានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់អំពី សារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការនៃបណ្តារាជធានី-រដ្ឋធានីទាំង១០ នៃប្រទេសជាសមាជិកអាស៊ាន ពោលគឺ មជ្ឈភាពរាជធានី-រដ្ឋធានីអាស៊ាន គឺជាកម្លាំងចលករដ៏ចម្បង ដើម្បីឈានទៅសម្រេចបានកំណើន និងវិបុលភាពរួមនៃប្រទេសក្នុងតំបន់។
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងក្នុងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២ (MGMAC 2022) ក្រោមប្រធានបទ «ការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីទីក្រុងឆ្លាត មានភាពធន់និងមានចីរភាព» នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ថា ការរផ្លាស់ប្តូរទស្សនទានតាមរយៈបទបង្ហាញរបស់តំណាងរាជធានី-រដ្ឋធានីអាស៊ាន និងការចូលរួមមតិយោបល់ពិភាក្សា បានគូសបញ្ជាក់យ៉ាងច្បាស់អំពី ការបន្តប្តេជ្ញាចិត្តដ៏រឹងមាំរបស់យើងទាំងអស់គ្នា ក្នុងការរួមដំណើរឆ្ពោះទៅសម្រេចការកសាងសហគមន៍អាស៊ានមួយ ដែលកាន់តែមានភាពស្អិតល្មួតលើគ្រប់វិស័យ មិនថានៅកម្រិតថ្នាក់ជាតិ ឬកម្រិតថ្នាក់ក្រោមជាតិ ដើម្បីប្រជាជាតិអាស៊ាន ប្រជាជននៃបណ្តារាជធានី-រដ្ឋធានីអាស៊ាន តាមរយៈការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ពោលគឺសមស្របទៅនឹងមូលបទនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ ដែលទើបកន្លងផុតទៅ គឺ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។
លោកអភិបាលក្រុង បានបន្តថា ទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយ ប្រសិនបើរក្សាបានស្មារតីសាមគ្គីភាព ឯកភាព និងកិច្ច សហប្រតិបត្តិការល្អ នោះយើងក៏អាចរួមគ្នាដោះស្រាយ និងទប់ស្កាត់បញ្ហាប្រឈមនានា សម្រាប់គ្រួសាររាជធានី-រដ្ឋធានីអាស៊ាន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ រាជធានីភ្នំពេញមានជំនឿជឿជាក់យ៉ាងមុតមាំថា រដ្ឋធានីហ្សាការតា នៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី ដែលត្រូវទទួលតំណែងជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២៣ នឹងបន្តដឹកនាំ រដ្ឋបាលថ្នាក់ក្រោមជាតិ នៃប្រទេសជាសមាជិកអាស៊ាន ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដូចអ្វីដែលកំពុងខិតខំរួមគ្នាសម្រេចបានក្នុងថ្ងៃនេះ។
សូមបញ្ជាក់ថា សេចក្ដីប្រកាស ដែលមានខ្លឹមសារទាំង៦ ចំណុចនេះ រួមមាន ១. ពង្រឹងការប្ដេជ្ញាចិត្ត ក្នុងការសម្រេចបានសហគមន៍ឆ្លាត មានភាពធន់ និងមានចីរភាព ដែលមានលក្ខណៈប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច បរិស្ថានប្រកបដោយចីរភាព និងទំនួលខុសត្រូវសង្គម។
២. លើកកម្ពស់ភាពជាដៃគូរវាងទីក្រុង និងទីក្រុង ភាពជាដៃគូសាធារណៈ និងឯកជន ក្នុងចំណោមទីក្រុងអាស៊ាន អ្នកផ្តល់សេវា ដៃគូមូលនិធិ និងដៃគូអភិវឌ្ឍន៍ និងផ្នែកពាក់ព័ន្ធបន្ថែមទៀត។
៣. លើកទឹកចិត្តឱ្យមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋរបស់រាជធានី និងរដ្ឋធានីអាស៊ាននីមួយៗ ដោយបំពាក់ ជំនាញ និងអក្ខរកម្មបច្ចេកវិទ្យា និងឌីជីថល ជំរុញការចាប់ផ្ដើមអាជីវកម្ម បៃតង និងបណ្តុះភាពជាម្ចាស់សហគមន៍។
៤. ធ្វើការឆ្ពោះទៅរកការបង្កើតគោលនយោបាយ និងទីក្រុងដែលស័ក្តិសមនឹងមនុស្សចាស់ ជាមួយនឹងបរិស្ថាន និងបច្ចេកវិទ្យាប្រកបដោយបរិយាប័ន្នសម្រាប់ពលរដ្ឋវ័យចំណាស់ ផ្អែកលើសង្គម នៅក្នុងរាជធានី និងរដ្ឋធានីអាស៊ាន។
៥. ប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព និងភាពច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាសន្តិសុខ
ទីក្រុង ដូចជា សុវត្ថិភាពទឹក អាហារ និងថាមពល ឯកជនភាព និងសុវត្ថិភាពទិន្នន័យ ការតភ្ជាប់ការដឹកជញ្ជូន និងភស្តុភារ ផែនការ និងការគ្រប់គ្រងការផ្លាស់ទីលំនៅថ្មីរបស់ពលរដ្ឋ ក្នុងចំណោមបញ្ហាផ្សេងៗទៀត។
និង៦. បន្តប្តេជ្ញាលើកកម្ពស់ភាពជាដៃគូជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ក្នុងចំណោមរាជធានី និងរដ្ឋធានីអាស៊ាន ដើម្បីសម្រេចបានទីក្រុងឆ្លាត មានភាពធន់ និងមានជីវភាពរបស់អាស៊ាន សម្រាប់ជាប្រយោជន៍ដល់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត តាមរយៈការកសាងមូលដ្ឋានគ្រឹះដែលបានដាក់ចេញ៕