ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវហាណូយ កែងនឹងផ្លូវលេខ១៩៦៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មុនកើតហេតុគេឃើញ បុរសម្នាក់បើករថយន្តម៉ាកម៉ាស្តាមួយគ្រឿង ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ2AY-8834 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៩៦៦ក្នុងទិសដៅពីកើតទៅលិច លុះបើកមកដល់ចំណុចកើតហេតុខាងលើក៏បានបើកឆ្លងកាត់ទទឹងផ្លូវ ពេលនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម C-125 ពណ៌ខ្មៅស៊េរីឆ្នាំ ២០១៨ ពាក់ផ្លាកលេខភ្នំពេញ1GT-5531ធ្វើដំណើរតាមបណ្តោយផ្លូវហាណូយក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តចំចំហៀងកង់ខាងមុខខាងឆ្វេងពេញទំហឹងបណ្ដាលឱ្យដួលម៉ូតូបោកទៅនឹងថ្នល់រងរបួសបែកមុខបែកមាត់ រីឯម៉ូតូរងការខូចខាតយ៉ាងដំណំ។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងមានតំណាងភាគីទាំងសងខាងបានមកដល់កន្លែងកើតហេតុ ហើយសមត្ថកិច្ចបានឱ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា។ ក្រោយពីសម្របសម្រួលគ្នាអស់ពេលមួយសន្ទុះធំមក ទើបភាគីទាំងពីរបានព្រមព្រៀងគ្នាដោយភាគីខាងរថយន្តបានចេញសំណងចំនួន៧០ដុល្លារទៅឱ្យខាងភាគីម៉ូតូដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕