ថ្ងៃទី
រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្លែងថា គម្រោង "កម្ពុជាហាវេស III" នឹងចូលរួមចំណែក គាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា និងជួយជំរុញវិស័យកសិកម្មឱ្យកាន់តែទំនើប ជាពិសេសមានភាព ប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាពខ្ពស់ ជួយបង្កើនសមត្ថភាពវិស័យឯកជនក្នុងការផលិត ធានាគុណភាព សុវត្ថិភាព និងជំរុញការនាំចេញ ។
ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានថ្លែងបែបនេះក្នុងពិធីបើក កម្មវិធី “The Feed the Future Cambodia Harvest III” ក្នុងកញ្ចប់the Future Cambodia Harvest III” ក្នុងកញ្ចប់ថវិកា ២៥លានដុល្លារ អាមេរិក សម្រាប់រយៈពេល៥ឆ្នាំ រួមជាមួយ ឯកឧត្តម W. Partrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋ អាមេរិកប្រចាំកម្ពុជា នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ កាលពីថ្ងៃទី០៩ខែសីហាឆ្នាំ២០២២ ។
នាឱកាសនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ថវិកា ប្រមាណជិត ១០០លានដុល្លារ ក្នុងរយៈ ពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ ក្នុងគោលបំណង លើកស្ទួយអាហារូបត្ថម្ភ និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ តាមរយៈការពង្រឹងវិស័យកសិកម្ម កម្ពុជា។ ក្នុងពេលដែលពិភពលោកកំពុងជួបវិបត្តិស្បៀងអាហារនេះ កម្ពុជាចាំបាច់ត្រូវតែពង្រឹង សុវត្ថិភាពស្បៀងអាហាររបស់ខ្លួន ដូច្នេះគម្រោង "កម្ពុជាហាវេស III" នេះ គឺបង្ហាញឲ្យឃើញពីការ ប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលអាមេរិកក្នុងការសម្រេចគោលដៅមួយនេះ ។ គម្រោងនេះត្រូវ បានប្រកាស ជាផ្លូវការកាលពីថ្ងៃទី៤ សីហាកន្លងទៅ ដោយរដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken ក្នុងអំឡុងពេលការធ្វើទស្សនកិច្ចរបស់លោកនៅកម្ពុជា ។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងបន្តថា វិស័យឯកជនកំពុងដើរតួនាទីសំខាន់ក្នុងការផលិត ការបង្កើន ផលិតភាព និងការប្រកួតប្រជែង ធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជួយបង្កើតការងារ និងប្រាក់ចំណូល។ ដោយឡែក គម្រោងខាងលើពិតជាមានសារៈសំខាន់ណាស់ ក្នុងការគាំទ្រផ្នែកធនធានថវិកា សម្រាប់ ពង្រីកការវិនិយោគ និងផ្តល់បច្ចេកទេសផលិតដល់វិស័យឯកជន ពិសេសសហគមន៍កសិកម្ម តាមរយ: ÷ ១. ការបង្កើនទុនវិនិយោគដើម្បីពង្រឹងផលិត ភាពកែច្នៃ និងពង្រីកប្រព័ន្ធទីផ្សារលក់។ ២. ការពង្រឹងសមត្ថភាពកែច្នៃ និងសមត្ថភាពគ្រប់គ្រងកសិដ្ឋាន។ ៣. ការបង្កើនបរិមាណកសិផលចូល ទីផ្សារ និង ៤. ការកែលម្អគុណភាព ពង្រឹងប្រព័ន្ធត្រួតពិនិត្យអនាម័យតាម រយៈការជំរុញឱ្យប្រើប្រាស់ នូវបច្ចេកវិទ្យាសមស្រប និងនវានុវត្តន៍ ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់អ្នកគ្រប់គ្រងគម្រោងឲ្យបន្តពង្រឹង កិច្ចសហការជាមួយអង្គភាពជំនាញនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេសជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីឱ្យការអនុវត្តន៍គម្រោងដំណើរទៅដោយរលូន មានប្រសិទ្ធភាព និងទទួលបានជោគជ័យ ផ្តល់ផលប្រយោជន៍ពិតប្រាកដជូនប្រជាកសិករ និងសហគមន៍កសិកម្ម។
សូមបញ្ជាក់ថា គម្រោងនេះ នឹងធ្វើការជាមួយដៃគូក្នុងវិស័យកសិកម្ម អ្នកផ្គត់ផ្គង់បច្ចេកវិទ្យា ស្ថាប័នហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីអភិវឌ្ឍនូវកម្លាំងការងារជំនាញ បង្កើតការងារ និងចាប់យកឱកាសទីផ្សារនានានៅក្នុងវិស័យកសិកម្ម តាមរយៈការចាប់ដៃគូជា មួយនឹងវិស័យ ឯកជន ។ គម្រោងនឹងបន្តធ្វើការអភិវឌ្ឍន៍ទៅលើការងារដែល USAID បានធ្វើកន្លងមក ដើម្បីលើក ស្ទួយឱកាសសេដ្ឋកិច្ចប្រកបដោយចីរភាព និងបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ។ តាមរយៈកិច្ចសហការជាមួយវិស័យឯកជន គម្រោងនឹងជួយលើក កម្ពស់ជីវភាព ជាពិសេសស្ត្រី យុវជន និងប្រជាជនងាយរងគ្រោះ។ ក្នុងរយៈពេលប្រាំឆ្នាំខាងមុខនេះ USAID រំពឹងថានឹង ជំរុញ ឲ្យមានការវិនិយោគពីឯកជនក្នុងទឹកប្រាក់ទំហំ ៣៨លានដុល្លារ បង្កើតការងារជាង ៣.០០០កន្លែង ជួយកសិករ និងក្រុមហ៊ុនឯកជនឲ្យទទួលបានហិរញ្ញវត្ថុលើវិស័យកសិកម្មទំហំ ១៥លានដុល្លារ និង បង្កើនការលក់កសិផលឱ្យបាន ១០០លានដុល្លារ ៕