ភ្នំពេញ៖នៅព្រឹកថ្ងៃទី៩ខែសីហា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមគ្រូពេទ្យ សមាគមឱសថការី សមាគមសិល្បៈវប្បធម៌ខ្មែរ នៅប្រទេសបារាំង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ។
នៅក្នុងជំនួបនេះផងដែរ សមាគមសិល្បៈវប្បធម៌ខ្មែរនៅប្រទេសបារាំងមានគោលបំណងសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសម្ដែងសិល្បៈរួមគ្នា ដើម្បីផ្លាស់ប្ដូរបទពិសោធន៍និងចង់ឱ្យសិល្បករ សិល្បការិនី ដែលមកពីប្រទេសបារាំងបានសិក្សាស្វែងយល់ពីសិល្បៈដ៏មានតម្លៃរបស់ដូនតា និងជំរុញលើកទឹកចិត្តប្រជាជនខ្មែរនៅក្រៅប្រទេសឱ្យជួយថែរក្សាសិល្បៈវប្បធម៌ជាតិ ក៏ដូចជាជួយផ្សព្វផ្សាយសិល្បៈដ៏ផូរផង់របស់ជាតិឱ្យបានទូលំទូលាយ។ កន្លងមក សមាគមគ្រូពេទ្យ និងសមាគមឱសថការី បានចុះជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងចែកអំណោយនៅស្រុកស្អាង ខេត្តកណ្ដាល និងស្រុកស្វាយទាប ខេត្តស្វាយរៀង៕