កំពង់ឆ្នាំង ៖ កូនឈើផ្កាប្រភេទដើមក្ងោកផ្កាពណ៌លឿង និង ពណ៌ក្រហម ជាង២០០០ដើម ជាអំណោយរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តល់តាមរយៈឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ត្រូវបានរដ្ឋបាលក្រុងកំពង់ឆ្នាំង និង មន្ទីរបរិស្ថាន យកមកដាំតាមសួនច្បារ និង ផ្លូវនានាក្នុងក្រុងកំពង់ឆ្នាំង ។ ពិធីដាំកូនឈើផ្កានេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង និង លោកយិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង និង លោកគ្រូអ្នកគ្រូសិស្សានុសិស្ស អាជ្ញាធរសង្កាត់ ទាំង៤របស់ក្រុងកំពង់ឆ្នាំង ។លោកយិន សាវ៉េន អភិបាលក្រុ ង កំពង់ឆ្នាំងបានឱ្យដឹងថា ការដាំនេះ គឺដើម្បីសោភ័ណភាពនៃគម្របពណ៌បៃតង ព្រោះដើមក្ងោកនេះវានឹងធ្វើឱ្យតំបន់នេះមានភាពខៀវស្រស់បំព្រងក្នុងរដូវវស្សា និងភាគច្រើន នៅរដូវប្រាំងតែងចេញផ្កាផ្តល់សោភ័ណភាពក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកម្សាន្តក្នុងខេត្តកាន់តែច្រើន និងបានចូលរួមចំណែកលើកស្ទួយជីវភាពប្រជាពលរដ្ឋយើងតាមការលក់ដូរជូនដល់ភ្ញៀវទេសចរផងដែរ ហើយអាជ្ញាធរក្រុងបាន រៀបចំដាំដើមក្ងោក នៅតាមចិញ្ចើមផ្លូវនានា និង សួនច្បារក្នុងក្រុង កំពង់ឆ្នាំង ។
អភិបាលក្រុងកំពង់ឆ្នាំង បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ នៅក្រុងកំពង់ឆ្នាំងឲ្យចូលរួមជួយថែទាំកូនឈើដែលបានដាំហើយនាពេលនេះឱ្យបានល្អប្រសើរផង ។
សិស្សានុសិស្សដែលបានចូលរួមបានសំដែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការដាំដើមក្ងោកនាពេលនេះ ព្រោះបានផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាពលរដ្ឋយើងទាំងអស់ដែលនឹងបានឃើញផ្កាក្ងោកពាសពេញដងផ្លូវនៅក្រុងកំពង់ឆ្នាំងជាមិនខាន ។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទីមួយនោះទេ ដែលអាជ្ញាធរក្រុងកំពង់ឆ្នាំង បានដាំដើមឈើអមតាមផ្លូវនានាកក្នុងក្រុងកំពង់ឆ្នាំង និងតាមសួនច្បារ កន្លងមកអាជ្ញាធរក្រុងក៏ធ្លាប់បានដាំដើមឈើផងដែរ ដូចជាដើមត្របែកព្រៃ ដើមធ្នង់ និង ដើមឈើផ្សេងៗទៀត ដែលធ្វើឱ្យក្រុងកំពង់ឆ្នាំង មានសោភ័ណភាព និង បរិស្ថានស្រស់បំព្រងគ្រប់រដូវកាល ។ ចំពោះដើមក្ងោកដែលបានដាំនាពេលនេះ នឹងកែប្រែមុខមាត់ក្រុងកំពង់ឆ្នាំង កាន់តែមានសភាពស្រស់ស្អាតបន្ថែមទៀត នៅពេលដែលផ្កាក្ងោកចាប់ផ្កា៕