ភ្នំពេញ ៖ កម្មវិធីដកពិន្ទុប័ណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើ ល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក គ្រោងនឹងដាក់ឱ្យដំណើរការអនុវត្តន៍ សាកល្បងនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ខណៈដែលការអនុវត្តន៍ពេញលេញ គ្រោងចាប់ផ្តើមពី ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។
យោងតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលវិទ្យុជាតិ កម្ពុជាទទួលបានឱ្យដឹងថា យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មាត្រា៤៣ និងមាត្រា៤៤ និងអនុលោមតាមប្រកាសអន្តរក្រសួង លេខ ២៣១៣ ប្រក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ស្តីពីការពិន័យជាប្រាក់ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងប្រកាសអន្តរក្រសួង លេខ១៧៦ ប្រក.សក.ដជក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្ដីពី នីតិវិធីនៃការដក និងបំពេញពិន្ទុ ឡើងវិញសម្រាប់បណ្ណបើកបរ។
ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃការរឹតបន្តឹងការអនុវត្តន៍ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបានជាអតិបរមា ក៏ដូចជាការបង្កលក្ខណៈ ងាយស្រួល ជូនប្រជាពលរដ្ឋក្នុងការបង់ប្រាក់ពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងធានាតម្លាភាពក្នុងការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមធ្វើការជូនដំណឹង ដល់សាធារណជន មេត្តាជ្រាបដូចជា ទី១.កម្មវិធីដកពិន្ទុប័ណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ ចំពោះអំពើ ល្មើសច្បាប់ស្ដីពីចរាចរណ៍ ផ្លូវគោក ដែលរៀបចំដោយក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ឱ្យដំណើរការអនុវត្តន៍ សាកល្បងនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ តទៅ ហើយនឹងដំណើរការអនុវត្តន៍ពេញលេញ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។
ទី២.ការដកពិន្ទុប័ណ្ណបើកបរ និងការពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវបានអនុវត្តដោយឧបករណ៍បច្ចេកទេស ដើម្បីកត់ត្រាព័ត៌មានរក្សាទុកក្នុងប្រព័ន្ធ។ ដូចនេះ សូមអ្នកបើកបរ យានយន្តគ្រប់រូបយកតាមខ្លួននូវប័ណ្ណបើកបរយានយន្ត(ច្បាប់ដើម) ដើម្បីផ្ដល់ជូន សមត្ថកិច្ចត្រួតពិនិត្យ និង អនុវត្តការដកពិន្ទុ ក្នុងករណីមានការប្រព្រឹត្តល្មើសច្បាប់ ស្តីពីចរាចរណ៍ ផ្លូវគោក និងទី៣.ការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក អាចបង់ប្រាក់នៅតាម បញ្ជរទ្រូម៉ាន់នីឬភ្នាក់ងារទ្រូម៉ាន់នី ឬ តាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ ក្រុមហ៊ុនទ្រូម៉ាន់នី (TrueMoney Mobile App) បន្ថែមលើការបង់ប្រាក់ដោយផ្ទាល់ នៅស្នាក់ការ នគរបាលចរាចរណ៍ផ្លូវគោក។
សូមជម្រាបជូនផងដែរថា កម្មវិធីដកពិន្ទុប័ណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក គឺជាកម្មវិធីបច្ចេកវិទ្យា ដែលអនុញ្ញាតឱ្យមន្ត្រីនគរបាលចរាចរណ៍ ធ្វើការដកពិន្ទុលើប័ណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានលក្ខណៈពិសេសដូចជា ស្គាល់ទម្រង់ប័ណ្ណរួមមាន ប័ណ្ណបើកបរ លិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ និងប័ណ្ណសម្គាល់យានយន្ត និងអាចដឹងថាប័ណ្ណបើកបរត្រឹមត្រូវ ឬក្លែងក្លាយ ដឹងពីប្រតិបត្តិការនៃការកាត់ពិន្ទុ និងពិន័យលឿនរហ័ស ដឹងទីតាំងភូមិសាស្ត្រ និងប្រវត្តិនៃការដកពិន្ទុ និងពិន័យ និងអាចកត់ត្រារាល់ទិន្នន័យដែលអាចប្រើប្រាស់ជាយុទ្ធសាស្រ្ត សម្រាប់កាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍៕