កម្ពុជា និងសាធារណរដ្ឋអាមេនី នឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ លើវិស័យជាច្រើន ដើម្បីជំរុញទំហំពាណិជ្ជកម្ម វិនិយោគ និងវិស័យទេសចរណ៍។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឯកឧត្តម Vahram Kazhoyan ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអាមេនីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភានាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ហើយក្នុងឱកាសនោះ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ តាមរយៈបេកសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងខិតខំប្រឹងប្រែងអស់ពី កម្លាំងកាយចិត្តក្នុងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានរំលឹកអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើឆាកអន្តរជាតិជាច្រើន ដូចជាក្នុងក្របខណ្ឌអង្គការសហប្រជាតិ អង្គការយូនីស្កូ និងការខិតខំរួមគ្នាប្រឆាំងនឹងអំពើប្រល័យពូជ សាសន៍។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាជ្រាបអំពីជំនួបពិភាក្សារវាងឯកឧត្តម និង ឯកឧត្តមរដ្ឋលេខាធិការនៃក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយភាគីទាំងពីរបាន យល់ស្របគ្នាក្នុងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យមួយចំនួន ព្រមទាំងបានត្រៀមចុះហត្ថលេខាលើឯកសារគតិយុត្តជាច្រើន ដើម្បីជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម វិនិយោគ និងវិស័យទេសចរណ៍។
ជាការឆ្លើយតប សម្តេចប្រធានព្រឹទ្ធសភាជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមនឹងខិតខំលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា ររវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។ សម្តេចបានកត់សម្គាល់ឃើញថា ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង វិស័យមួយចំនួនមិនទាន់មានទំនាក់ទំនងគ្នាដោយទូលំទូលាយនោះទេ។ សម្តេចបានលើកទឹកចិត្តឱ្យរដ្ឋាភិបាលទាំងពីរ បន្តពិគ្រោះយោបល់តាមយន្តការដែលមានស្រាប់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យមានលទ្ធផលជាក់ស្តែង មានផលប្រយោជន៍ ទៅវិញទៅមក និងបន្តគាំទ្រគ្នាលើកិច្ចសហប្រតិបត្តិការពហុភាគី ឱ្យបានកាន់តែទូលំទូលាយ ដើម្បីរួមចំណែកដល់ការនាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍តំបន់ និងសកលលោក៕